ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ចូលរួមវេទិកា “Trust Forum 2026”

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសបានចូលរួមវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។
វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្ដុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និយ័តករ ប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកជំនាញក្នុងវិស័យ ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងរួមចំណែកកំណត់ទិសដៅសម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ និយ័តករបរធនបាលកិច្ច បានគូសរំលេចអំពីសាវតារ វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗនៃវិស័យបរធនបាលកិច្ចក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធបរធនបាលកិច្ចប្រកបដោយតម្លាភាព ភាពធន់ និងចីរភាព។
តំណាងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក Eric Loo នាយកប្រតិបត្តិ និងជាអភិបាលប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នេះ។ ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាបណ្ណនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បន្តប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយដៃគូបរធនបាលរបស់ខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពង្រឹងទំនុកចិត្តលើទីផ្សារ និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុ និងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។















